ឧកញ៉ា គួចម៉េងលី៖ មូលហេតុ២ធ្វើឱ្យអាជីវកម្មដួល តើអ្នករកស៊ីគួរត្រៀមខ្លួនទប់ទល់បែបណា?

 


សង្គមខ្មែរបច្ចុប្បន្ន យើងឃើញមានអាជីវកម្មថ្មីៗកើតឡើងច្រើន តែអាជីវកម្មដែលបិទទ្វារទៅវិញក៏ច្រើនណាស់ដែរ ហើយជុំវិញបញ្ហានេះ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៏ចំពោះអាជីវកម្មថា “ពេលខ្លះអាជីវកម្មបង្កើតថ្មីមិនថាក្នុងវិស័យអ្វីក៏ដោយ គឺមិនមែនដោយសារអាជីវកម្មនោះគ្មានសក្តានុពល គ្មានទីផ្សារ តែម្យ៉ាងទើបដួលរលំនោះទេ ប៉ុន្តែដោយសារហេតុផល២យ៉ាងគឺមានខ្មោចលង និងបុគ្គលិកខ្មោចឆៅនៅក្នុងក្រុមហ៊ុន”។

លោកឧកញ៉ាបានពន្យល់ថា តាមពិតគំនិតអាជីវកម្មគ្រប់ប្រភេទសុទ្ធតែជាតម្រូវការក្នុងការរស់នៅទាំងអស់ ប៉ុន្តែលោកឃើញញឹកញាប់បំផុតដែលអាជីវកម្មដួលនោះគឺដោយសារអាជីវកម្មបង្កើតថ្មីនឹងមានខ្មោចលង។ ខ្មោចលងកន្លែងនេះ លោកឧកញ៉ាបានពន្យល់យ៉ាងក្បោះក្បាយថា ដោយសារតែអាជីវករជំនាន់ថ្មី គ្មានអ្នកជួយជ្រោមជ្រែង គ្មានអ្នកណែនាំថាបើកក្រុមហ៊ុនឱ្យត្រូវតាមស្តង់ដារ ឱ្យស្របច្បាប់នោះ ត្រូវធ្វើអ្វីខ្លះ ត្រូវឆ្លងកាត់ច្បាប់អ្វីខ្លះ ត្រូវបង់អ្វីខ្លះ ហេតុនេះហើយទើបពេលបើកអាជីវកម្មរួចចេះតែត្រូវបង់នេះបង់នោះ លងបន្លាច រហូតដល់ក្រុមហ៊ុនអស់លុយ។

ដើម្បីដោះស្រាយបញ្ហានេះ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ថា សូមក្មួយៗម្ចាស់អាជីវកម្មទាំងអស់កុំផ្លូវកាត់ កុំឱ្យនាំទុក្ខដាក់ខ្លួននៅថ្ងៃអនាគត ត្រូវចុះបញ្ជីស្នាមអាជីវកម្មឱ្យត្រឹមត្រូវ បើគេតម្រូវឱ្យមានលិខិតអ្វីត្រូវរៀបចំឱ្យគេឱ្យអស់។ វាជាតួនាទីក្មួយៗដែលត្រូវរៀបចំច្បាប់ក្នុងក្រុមហ៊ុនឱ្យមានស្តង់ដារ ហើយម្យ៉ាងវាអាចការពារអាជីវកម្មកុំឱ្យមានបញ្ហាថ្ងៃអនាគត។

ចំណុចទី២ដែលធ្វើឱ្យអាជីវកម្មដួលនោះគឺ បុគ្គលិកខ្មោចឆៅ ។ បុគ្គលិកខ្មោចឆៅ គឺជាបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនអ្នក ប៉ុន្តែកិបកេងផលប្រយោជន៏ ពេលវេលា ទៅធ្វើការងារផ្សេង និយាយជារួមគឺធ្វើការ ២ ៣ កន្លែង ហើយយកម៉ោងការងារក្នុងក្រុមហ៊ុនបំពេញការងារផ្សេង។ ករណីនេះម្ចាស់អាជីវកម្មខាតធ្ងន់ណាស់ ព្រោះបុគ្គលិកធ្វើការមិនអស់ពីសក្តានុពល ការងារមនុស្សម្នាក់អាចធ្វើហើយបែរជាត្រូវការមនុស្ស៥នាក់ ព្រោះម្នាក់ៗសុទ្ធតែជាបុគ្គលិកខ្មោចឆៅ ធ្វើឱ្យម្ចាស់អាជីវកម្មចំណាយច្រើនតែបានលទ្ធផលការងារតិច។

ម្ចាស់អាជីវកម្មថ្មីៗ អាចដោះស្រាយបញ្ហានេះបានដោយសង្កេតឱ្យលម្អិតពីបុគ្គលិកម្នាក់ៗ តើពួកគេធ្វើការបែបណា ហើយលទ្ធផលការងារចេញមកបែបណា? ត្រូវតាមឱ្យទាន់ថាតើបុគ្គលិកណាធ្វើការដើម្បីក្រុមហ៊ុន បុគ្គលិកណាកិបកេង ព្រោះបើអាជីវកម្មមានបុគ្គលិកខ្មោចឆៅក្នុងក្រុមហ៊ុនច្រើន គឺក្រុមហ៊ុនពិបាកលូតលាស់ណាស់ ថែមទាំងអាចប្រឈមនឹងក្ស័យធុនទៀតផង។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី លើកទឹកចិត្តថា សូមឱ្យអ្នកចង់រកស៊ីទាំងអស់ ដើរតាមក្តីស្រមៃខ្លួន កុំដើរតាមគេឱ្យសោះ បើខ្លួនស្រលាញ់អ្វីចូលចិត្តអ្វីទៅរៀននឹង រៀនឱ្យចេះ រៀនឱ្យចប់ ធ្វើការយកបទពិសោធន៏ យកជំនាញ រួចហើយមកបើកក្រុមហ៊ុនខ្លួនឯង តាមក្តីស្រមៃខ្លួនឯងនោះទើបអាចជោគជ័យបានយ៉ាងមានមោទនភាព៕

No comments:

Post a Comment